Friday, March 22, 2019

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន (ភ្នំពេញ)៖ នារាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន រយៈពេល០៤ថ្ងៃ ពីថ្ងៃទី២៣-២៦ខែមីនា ឆ្នាំ២០១៩ ។ នៅក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងគណៈប្រតិភូ នឹងទទួលជួបពិភាក្សាការងារជាមួយខាងអង្គការJITCO លើកិច្ចសហប្រតិបត្តិការ នាពេលកន្លងមកទាក់ទងកម្មសិក្សាការីខ្មែរដែលកំពុងធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន និងទាក់ទងទៅនឹងច្បាប់ស្តីពី "ពលករជំនាញ" ដែលទៅធ្វើការនៅប្រទេសជប៉ុន។ ជាមួយគ្នានេះដែរ នាថ្ងៃបន្ទាប់ គណប្រតិភូកម្ពុជា នឹងទទួលជួបពិភាក្សាការងារជាមួយអង្គការOTIT ពាក់ព័ន្ធទៅនឹងការបញ្ជូន និងការទទួលយកកម្មសិក្សាការីខ្មែរដែលកំពុងធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន។ សម្រាប់ថ្ងៃចុងក្រោយនៃដំណើរបំពេញទស្សនកិច្ចនេះ ភាគីទាំងពីរ កម្ពុជា-ជប៉ុន នឹងត្រូវចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការ ស្តីពី "ពលករជំនាញ"ផងដែរ៕